អត្រាប្តូរប្រាក់ប្រចាំថ្ងៃ: 4044.00 រៀល/ដុល្លា

  • អ្វីទៅ​ដែល​ហៅថា​ការ​ចុះបញ្ជី?
      ការចុះបញ្ជី គឺជា​ដំណើរការ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​យក​ភាគហ៊ុន​ទាំងអស់​របស់ខ្លួន មក​ចុះបញ្ជី​នៅលើ​ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)ស្វាគមន៍​នូវ​រាល់​សំណើ​សុំព័ត៌មាន​ពី​សំណាក់​បុគ្គល ក៏ដូចជា​ក្រុមហ៊ុន​ដែល​មាន​បំណង​ស្វែងយល់​អំពី​ផលប្រយោជន៍​នៃការ​ចុះបញ្ជី​នៅ​ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។
  • ផលប្រយោជន៍​នៃ​ការ​ចុះបញ្ជី​នៅ ផ.ម.ក.
    • ភាព​ងាយស្រួល​ក្នុងការ​ប្រមូលមូលធន និង​កាលានុវត្តភាព​នៃ​ការ​ធ្វើ​ហិរញ្ញប្បទាន​នាពេល​អនាគត៖
      • ការរបោះផ្សាយជាសាធារណៈ ផ្តល់​ឲ្យ​ក្រុមហ៊ុន​លោកអ្នក​នូវ​កាលានុវត្តភាព​ហិរញ្ញប្បទាន​ផ្នែក​ទ្រព្យកម្មសិទ្ធិ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​កាន់​តែ​លូតលាស់ តាមរយៈ​ការ​ពង្រីក​ដំណើរការ​អាជីវកម្ម រហូត​ដល់​ការ​ទិញ​យក​ក្រុមហ៊ុន​ជាដើម។ ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជី​មូលបត្រ តែងតែ​ទទួលបាន​នូវលក្ខខណ្ឌល្អប្រសើរ នៅពេល​ស្នើសុំ​ឥណទាន​ពីស្ថាប័នហិរញ្ញវត្ថុ​នានា។
    • ស្ថានភាពជាក្រុមហ៊ុនសាធារណៈ និងទិស្សមានភាព៖
      • ជា​ក្រុមហ៊ុនសាធារណៈ​ផ្តល់​នូវ​ភាពខុសគ្នា​ទាំងស្រុង​ចំំពោះ​កិត្តិយស និង​ទស្សនៈវិស័យ​ទៅកាន់​វិនិយោគិន​ក៏​ដូចជា​ដៃគូ​អាជីវកម្ម។ វា​ផ្តល់​ដល់​ក្រុមហ៊ុន​នូវ​កម្លាំង​ក្នុង​កិច្ចការងារ​ចរចារ និង​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ដល់​ដៃគូអាជីវកម្ម និង​សាធារណៈជន។
      • ការ​ក្លាយ​ជា​ក្រុមហ៊ុនសាធារណៈ នឹង​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​កាន់​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​សាធារណៈជន ព្រោះ​ជាទូទៅ​ក្រុមហ៊ុនចុះបញ្ជី​ត្រូវបាន​សាធារណៈជន​គិតថា មានភាព​រឹងមាំ​ផ្នែកហិរញ្ញវត្ថុ និង​មានកម្រិតស្តង់ដារ​នៃតម្លាភាព និង​ការ​ផ្តល់ព័ត៌មាន​ខ្ពស់។ ការក្លាយ​ជាក្រុមហ៊ុនសាធារណៈ នឹងលើក​តម្កើង​នូវ​កេរ្តិ៍ឈ្មោះ​របស់ក្រុមហ៊ុន​ឲ្យកាន់តែ​ទទួលបាន​ការជឿជាក់​ពីសំណាក់​វិនិយោគិន និង​សាធារណៈជន ព្រមទាំង​បង្កើន​ថាមពល និង​ឆ្លុះបញ្ចាំង​ជាវិជ្ជមាន​ចំពោះ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន។ នៅពេល​ដែល​ក្រុមហ៊ុន​លោកអ្នក​បោះផ្សាយ​លក់មូលបត្រ​ជាសាធារណៈ ក្រុមហ៊ុន​របស់លោកអ្នក​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ដោយផ្ទាល់ ឬ​ប្រយោល​តាមរយៈ​អ៊ីនធើណេត ឬ​ប្រព័ន្ធផ្សព្វផ្សាយ​នានា។ វានឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​លោកអ្នក​នូវ​កិត្តិស័ព្ទដ៏ល្អ និង​ប្រកប​ដោយ​ភាព​ជឿជាក់​ទៅកាន់​សាធារណៈ​ជន។
    • ភាពដែល​អាចជួញដូរ​បាននៅ​លើទីផ្សារ និង​សន្ទីយភាព​នៃមូលបត្រ៖
      • ការ​ក្លាយ​ជា​ក្រុមហ៊ុនសាធារណៈ​មានន័យថា គឺជា​ការបង្កើត និង​បង្កើន​សន្ទីយភាព​សម្រាប់​មូលបត្រ​របស់​ក្រុមហ៊ុន ព្រមទាំង​ធ្វើ​ឲ្យ​មូលបត្រ​ទាំងនោះ​បង្កើន​នូវការ​ទាក់ទាញ​ដល់​វិនិយោគិន។
      • ការបោះផ្សាយលក់​ជាសាធារណៈ​អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​នៃ​ការ​ចាកចេញ​មួយ ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​មាន​បំណង​ចាកចេញ​ពី​អាជីកម្ម​បច្ចុប្បន្ន​របស់ខ្លួន។
      • បន្ថែម​លើនេះ​ទៅទៀត ការក្លាយ​ជា​ក្រុមហ៊ុនចុះបញ្ជី អាច​នាំ​ឲ្យ​សាធារណៈជន​វាយតម្លៃ​ទៅលើ​មូលបត្រ​របស់​ក្រុមហ៊ុន​នោះ ខ្ពស់​ជាង​មូលបត្រ​របស់​ក្រុមហ៊ុន​មួយ​ដែល​មិនទាន់​បាន​ចុះបញ្ជី និង​មិន​ទាន់​បាន​ជួញដូរ​នៅទីផ្សារមូលបត្រ។
    • បង្កើន​កម្លាំង​ចិត្ត​របស់​បុគ្គលិក និង​ផលិតភាព៖
      • ការទទួល​ស្គាល់​កាន់តែច្រើន និង​យល់ដឹង​ពី​សាធារណៈជន ធ្វើ​ឲ្យ​បុគ្គលិក​មាន​មោទនភាព​ក្នុង​នាម​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​បានចុះបញ្ជី ហើយ​វាក៏​ជួយ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឲ្យ​ប្រឹងប្រែង​ធ្វើ​ការងារ​ថែមទៀតផង។ ជាលទ្ធផល វាផ្តល់​នូវភាព​ងាយស្រួល​ក្នុងការ​រក្សាបុគ្គលិក​ដែល​មាន​ស្រាប់ និង​ទាក់ទាញ​បុគ្គលិក​ថ្មី​បន្ថែមទៀត។
    • ការ​លើកទឹកចិត្តផ្នែកពន្ធក្នុងវិស័យមូលបត្រ៖
      • ក្រុមហ៊ុនចុះបញ្ជី​នឹងទទួលបាន​ផលប្រយោជន៍​ពីការ​កាត់បន្ថយពន្ធ ដោយ​យោងទៅលើ​អនុក្រឹត្យ​ស្តីពី ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រការ​លើក​ទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យមូលបត្រ។ ក្រុមហ៊ុន​នឹង​ត្រូវបាន​កាត់បន្ថយ​ពន្ធ​លើប្រាក់ចំណេញ​ចំនួន ១០% លើ​ប្រាក់ពន្ធ​សរុប​ដែល​ត្រូវបង់​ក្នុងរយៈពេល ៣ឆ្នាំ​ដំបូង​របស់ខ្លួន។
  • ដ្យាក្រាម​តំណាក់កាល​នៃ​ការចុះបញ្ជី