ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រទេសកម្ពុជាដោយឈរលើគោលដៅក្នុងការជំរុញកំនើនសេដ្ឋកិច្ច តាមរយៈលំហូរមូលធន ការវិនិយោគ និង ការវិភាជន៍ជាថ្មីនូវមូលធនតាមយន្ដការទីផ្សារមូលធន នៅខែ វិច្ឆិកា ឆ្នាំ ២០០៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់ ស្ដីអំពី
"ការអភិវឌ្ឍផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា"។ ដោយផ្អែកលើអនុស្សរណៈយោគយល់នេះ សម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានប្រកាសបើកអោយដំណើរការគម្រោងបង្កើតទីផ្សារមូលបត្រនៅប្រទេសកម្ពុជា នៅ ខែកញ្ញា ឆ្នាំ ២០០៧។
នៅឆ្នាំ ២០០៨ អនុស្សរណៈយោគយល់មួយទៀតស្ដីអំពី "ការបង្កើតផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា"ត្រូវបានចុះហត្ថលេខាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនផ្សារ មូលបត្រកូរ៉េ។
នៅខែ មីនា ឆ្នាំ ២០០៩ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ បានចុះកិច្ចព្រមព្រៀង ក្រុមហ៊ុនចំរុះ (Joint Venture) ដើម្បីបង្កើតផ្សារមូលបត្រ (
"ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា" )ស្របតាមច្បាប់ស្ដីអំពីសហគ្រាសសាធារណៈ។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានចុះក្នុងបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១០។ ស្របតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចំរុះ (Joint Venture) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាន់កាប់ភាគហ៊ុនចំនួន ៥៥% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយ
ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េកាន់កាប់ភាគហ៊ុនចំនួន ៤៥%នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានទទួលអាជ្ញាបណ្ណជា ប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ ព្រមទាំងប្រតិបត្តិកររក្សាទុកមូលបត្រ ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ស្របតាមច្បាប់ស្ដីអំពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។
April 18, 2012
ពិធីប្រកាសបើកការជួញដូរមូលបត្រនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
February 28, 2011
ការទទួលបានការអនុញ្ញាតធ្វើជាប្រតិបត្តិករទីផ្សារ ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ ពី គ.ម.ក។
February 23, 2010
ចុះបញ្ជីពាណិជ្ជកម្ម
March 23, 2009
កិច្ចព្រមព្រៀង "ក្រុមហ៊ុនចំរុះ" រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ។
January 21, 2008
អនុស្សរណៈយោគយល់អំពីការបង្កើតផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា
September 06, 2007
ការដាក់អោយដំណើរការគម្រោងបង្កើតផ្សារមូលបត្រនៅកម្ពុជា
November 20, 2006
អនុស្សរណៈយោគយល់អំពីការអភិវឌ្ឍផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា